ញាក់សាច់!!! ហាងកាហ្វេបើកថ្មីនេះ លេងសុទ្ធតែគ្រឿងស្លាប់
ហាងកាហ្វេមួយកន្លែងនៅក្នុងទីក្រុងបាងកក កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារការតុបតែង និងរៀបចំសុទ្ធតែពាក់ព័ន្ធការស្លាប់ និងបុណ្យសពទាំងអស់។
ហាងកាហ្វេ Kid Mai Death Cafe ពិតជាផ្តល់នូវបទពិសោធន៍ដែលប្លែកមិនធ្លាប់មានពីមុនមក សម្រាប់ភ្ញៀវគ្រប់ប្រភេទទាំងអស់។
បុគ្គលិកប្រចាំហាងមួយរូបបានប្រាប់ទៅកាន់ សារព័ត៌មាន The Nation ថា គោលបំណងនៃការបង្កើត និងរៀបចំឲ្យមានហាងកាហ្វេបែបនេះឡើងគឺ ដើម្បី ដាស់តឿនគ្រប់គ្នាឲ្យរីករាយជាមួយជីវិតរបស់ខ្លួននាពេលបច្ចុប្បន្ននេះ ព្រោះពួកយើងមិនដឹងថា ពួកយើងអាចរស់នៅបានដល់ពេលណានោះទេ។
ជាក់ស្តែង អតិថិជនទាំងអស់នឹងត្រូវបានស្វាគមន៍ដោយសម្ភារៈសំខាន់ៗមួយចំនួនសម្រាប់ពិធីបុណ្យសព ដែលមានដូចជា មឈូស ផ្កាភ្ញី និងផ្ទាំងក្រណាត់ដែលសរសេរថា “Eventually, you can bring nothing” មានន័យថា “ ចុងក្រោយ អ្នកមិនអាចយកអ្វីទៅបានទាំងអស់”។
ក្រៅពីនេះគេក៏មានផ្តល់ជា ប៊ិច និងក្រដាស ដើម្បីឲ្យអតិថិជនសរសេរពីបំណងប្រាថ្នារបស់គេផងដែរ។
កាន់តែប្លែកនោះគឺ គេក៏មានរៀបចំកម្មវិធីប្រកួតដេកក្នុងមឈូស សម្រាប់អតិថិជនណាដែលក្លាហានហ៊ានដេកក្នុងមឈូសនោះរយៈពេល៣នាទី នឹងទទួលបានការបញ្ចុះតម្លៃ ២០បាត (ប្រហែល ០.៦៤ ដុល្លារអាមេរិក)។
មិនមែនតែប៉ុណ្ណឹងទេ សូម្បីតែឈ្មោះភេសជ្ជៈនៅក្នុងហាងនោះ ក៏ប្លែកមិនធម្មតាដែរ ដែលមានដូចជា “birth” “aging” “illness” “elder” “painful” និង “death” ជាដើម៕
មិចដែរ ស្គាល់ហើយ ចង់សាកល្បងចូលដែរទេ?








Comments
Post a Comment