ចំណុច ថៃតែងតែធ្វើស្ទើរក្លាយជាទម្លាប់ ឯខ្មែរមានតែសម្បកល្អមើលតែពីក្រៅ
វប្បធម៌ច្រើនពេកហើយដែលថៃបានចម្លងពីកម្ពុជាដែលជាម្ចាស់វប្បធម៌ ទឹកដី និងកេរ្តិ៍តំណែលបន្សល់ពីបុព្វបុរសរាប់ពាន់ឆ្នាំ។ ប៉ុន្តែបើនិយាយពីការប្រកាន់ខ្ជាប់អ្វីដែលជាអត្តសញ្ញាណ ប្រជាជាតិកម្ពុជាហាក់មិនសូវយកចិត្តទុកដាក់ឬនិយាយឲ្យចំគឺខ្ជះខ្ជាយ ពោលគឹស្ទើរតែធ្វើឲ្យបរទេសភាគច្រើន សឹងតែគិតថាវប្បធម៌ដ៏ផូរផង់គ្រប់យ៉ាងជារបស់ថៃទៅហើយ។ Angkor Post លើកតែពីរចំណុចតូចហើយសមញ្ញពីរប៉ុណ្ណោះដែលប្រជាជាតិថៃតែងប្រកាន់ខ្ជាប់ ឯកម្ពុជាមិនដែលយកចិត្តទុកដាក់ ពោលគឺសឹងតែធ្វើឲ្យខ្លួនឯងមានតែសម្បកវប្បធម៌។
១. ការសំពះ
ការសំពះដ៏ផូរផង់និងទន់ភ្លន់គួរឲ្យគោរពរបស់ខ្មែរ គឹថៃថែរក្សាបានយ៉ាងល្អ ពោលគឺគ្រប់ពលរដ្ឋសាមញ្ញ ទាហ៊ាន មន្រ្តីរាជការ គ្រូបង្រៀន ទាំងក្មេងទាំងចាស់ ឲ្យតែពេលជួបគ្នាឬលាគ្នា គឺគេតែងតែលើកដៃសំពះគ្នាទៅវិញទៅមកស្ទើរគ្រប់កាលៈទេសៈទៅហើយ សូម្បីសញ្ញានៃការសំពះពីមនុស្សម្នាក់ ក៏ធ្វើឲ្យមនុស្សម្នាក់ទៀតទន់ចិត្តលើកលែងទោស អធ្យាស្រ័យឲ្យគ្នាទៅហើយ។ ចុះកម្ពុជា? ចំណែកពលរដ្ឋកម្ពុជាពិសេសយុវវ័យស្ទាវៗវិញភាគច្រើនដែលជាម្ចាស់នៃវប្បធម៌ការសំពះ រាល់ពេលជួបគ្នាឬលាគ្នា បែរជាចាប់ដៃឬអោបគ្នាទៅវិញ សឹងមិនដែលឃើញលើកម្រាមដៃសំពះគ្នានោះទេ។
អ្នកដឹងទេថាបរទេសច្រើនណាស់ ដែលបានទៅលេងថៃ ហើយគេស្រឡាញ់ការសំពះដែលថៃប្រកាន់ខ្ជាប់រហូតគេធ្វើតាម។ ចុះអ្នកវិញ?
២. ព្រះពុទ្ធសាសនា
ប្រជាជនខ្មែរពិសេសយុវវ័យក្មេងៗច្រើនណាស់ មិនទាំងដឹងថាថ្ងៃមាឃបូជា ឬវិសាខបូជា និងថ្ងៃបុណ្យសាសនាជាច្រើនទៀតជាអ្វីផង ហើយកាន់តែធ្ងន់ទៀតគឺពួកគេភាគច្រើនមិនដែលទាំងទៅវត្តផងរាល់ថ្ងៃបុណ្យធំៗទាំងនោះ ខណៈគ្រប់ពេលតែងតែប្រកាន់តែថាខ្លួនជាពុទ្ធសាសនិក ហើយសូម្បីតែថ្ងៃសិលក៏មិនដែលឃើញទៅវត្តផង ប្រហែលពួកគេគិតថាវាសម្រាប់តែចាស់ ហើយបើខ្លួនធ្វើបែបមិនទាន់សម័យ?
ចំណែកប្រជាជនថៃវិញ ចាប់តាំងពីសិស្សបឋមគឺពួកគេចេះយកផ្កាទៅថ្វាយព្រះរាល់ថ្ងៃសិលបាត់ទៅហើយ ហើយថ្ងៃបុណ្យសាសនាធំៗទៀតសោត ពួកគេតែងនាំគ្នាក្រងផ្កាទៅថ្វាយព្រះ ព្រោះហេតុថាស្រឡាញ់ព្រះពុទ្ធសាសនា។ ពេលចូលវត្តម្តងៗគេតែងរក្សាភាពស្ងៀមស្ងាត់ ព្រោះជាទីវត្តអារ៉ាម។
រាល់សិស្សានុសិស្សថៃ គ្រូតែងតែនាំទៅធ្វើសមាធិនៅវត្ត ធ្វើឲ្យពួកគេមានចិត្តស្ងប់ និងធ្វើសកម្មភាពផ្សេងៗដើម្បីឲ្យពួកគេបានស្វែងយល់ពីអត្ថប្រយោជន៍នៃព្រះពុទ្ធសាសនា។
ការលើកឡើងរបស់ យើង គ្មានគំនិតមើលងាយដល់ពលរដ្ឋខ្មែរឡើយ គ្រាន់តែចង់ឲ្យគ្រប់គ្នាពិចារណាឡើងវិញរាល់ការប្រកាន់ខ្ជាប់នីមួយៗ កុំគ្រាន់តែស្រែកថានេះជាវប្បធម៌ខ្លួន នោះជារបស់ខ្លួនទាំងមិនដែលអនុវត្តបានត្រឹមត្រូវផងនោះ។ ចាប់ផ្តើមពីឥឡូវ មុនពេលគ្រប់យ៉ាងត្រូវបាត់បង់រហូតគ្មានអត្តសញ្ញាណណាមួយជារបស់ខ្លួន។






Comments
Post a Comment