សុគន្ធ និសា សម្តែងល្ខោនបាសាក់ ជាលើកដំបូង លូយអស់ទាស់
ក្រោយពេលរៀបការរួច ប្រជាប្រិយភាពរបស់តារាចម្រៀងអ្នកនាង សុគន្ធ និសា បានកើនឡើងជាលំដាប់ ហើយជាញឹកញាប់ គេតែងតែឃើញតារាស្រីរូបនេះ លេចមុខតាមកម្មវិធីប្រគំតន្រ្តីនានា នៅតាមបណ្តាខេត្តផ្សេងៗ ទៀតជាច្រើនផងដែរ។
មិនតែប៉ុណ្ណោះ ពេលនេះអ្នកនាង សុគន្ធ និសា ក៏បានលេចមុខនៅក្នុងឈុតសម្លៀកបំពាក់ពណ៌សបែបបុរាណ តុបតែងជាតួឯកស្រី នាងមេទ្រីកាន់សីល នៅក្នុងរឿង «ព្រះវេស្សន្តរ»ជាមួយនឹងកំពូលតារាសម្តែង សិល្បៈល្ខោនបាសាក់ជើងចាស់លោក អុល សំអាង ទៀតផង។
តាមរយៈរូបភាពនេះ បានធ្វើឱ្យមហាជនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគេកម្របានឃើញតារាចម្រៀងអ្នកនាង សុគន្ធ និសា ស្លៀកឈុតសម្លៀកបំពាក់បែបបុរាណបែបនេះ ពីមុនមកណាស់ ហើយថែមទាំងគូគ្នាជាមួយនឹងអ្នកលេងល្ខោនបាសាក់ដ៏ល្បីល្បាញថែមទៀត។
ជាក់ស្តែង ពេលបានឃើញអ្នកនាង សុគន្ធ និសា បានដើរតួសម្តែងជាតួឯកស្រី នៅក្នុងរឿងល្ខោនបាសាក់ដូច្នេះ ក៏ធ្វើឱ្យអ្នកគាំទ្រជាច្រើនរង់ចាំមើលថា តើពេលផ្លាស់ប្តូរមកសម្តែងជាតួស្រី ក្នុងល្ខោនបាសាក់បែបនេះវិញ នាងនឹងមានទេព្យកោសល្យសម្តែងយ៉ាងណាដែរ? ព្រោះនេះក៏ជាលើកទី១ ហើយ សម្រាប់តារាស្រីរូបនេះ ដែលដើរតួបុរាណ ហើយក្នុងល្ខោនបាសាក់ទៀត ក្រៅពីអាជីពជាតារាចម្រៀង ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស ៕









Comments
Post a Comment