ស្រៀវសាច់! រូបភាពប្រតិកម្មលើដៃរបស់បុរសម្នាក់ កំពុងតែធ្វើឲ្យអ្នកលេងអ៊ីនធើណែតព្រឺព្រួច
បរទេស៖ អ្នកប្រហែលជាគិតថា ការចាក់សាក់គឺស្អាតហើយឡូយ ប៉ុន្តែអ្នកប្រហែលជាមិនបានគិតទេថា វាអាចនឹងបង្កឲ្យមានបញ្ហានៅថ្ងៃអនាគត ព្រោះសាក់នៅជាប់ខ្លួនរបស់អ្នកជារៀងរហូត។ នៅដំណាក់កាលណាមួយមកដល់ អ្នកនឹងលែងត្រូវការវា ហើយអ្នកនឹងគិតដល់ការលុបលាងវាចេញវិញមិនខាន។ ប៉ុន្តែអ្នកនឹងស្តាយក្រោយ ព្រោះវាមិនមែនចេះតែលុបបានស្រួលៗទេ។
តាមពិតទៅ អ្វីដែលអ្នកគួរតែព្រួយបារម្ភនោះ មិនមែនមានតែប៉ុណ្ណឹងទេ វាមានច្រើនជាងនេះទៀតដូចជា បញ្ហាសុខភាព និងសុវត្ថិភាពជាដើម។ អ្នកត្រូវគិតគូរអំពីគុណភាពរបស់ទឹកថ្នាំ និងបញ្ហាអនាម័យផងដែរ ព្រោះរបស់ទាំងអស់នោះ នឹងជ្រាបចូលទៅនៅក្នុងស្បែករបស់អ្នកជារៀងរហូត។
លើសពីនេះ បើសិនជាអ្នកចង់ចាក់សាក់ អ្នកមិនគួររំលងអំពីការយល់ដឹងទាំងនេះទេ ដូចជា អ្នកមិនគួរចាក់សាក់កន្លែងដដែលៗច្រើនដងជាន់លើគ្នា ព្រោះវាអាចបង្កឲ្យរលាកស្បែក និងបណ្តាលឲ្យមានមេរោគជាដើម។ លើសពីនេះទៀត មនុស្សមួយចំនួនមានស្បែកដែលប្រតិកម្មជាមួយទឹកថ្នាំ ដូច្នេះគេត្រូវតែស្រាវជ្រាវឲ្យបានដិតដល់មុននឹងសម្រេចចិត្តចាក់សាក់។
ចំពោះការបាញ់ឡាស៊ែរលុបបំបាត់ស្នាមសាក់វិញ ក៏គួរតែប្រុងប្រយ័ត្នដែរ។ អ្នកមិនអាចបាញ់ត្រង់កន្លែងដដែលៗច្រើនដងទេ ហើយវាត្រូវចំណាយពេលយូរ មិនអាចនឹកឃើញចង់ឲ្យវាបាត់បានភ្លាមៗនោះទេ។
ថ្មីៗនេះ អ្វីដែលធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលនោះគឺ ដោយសារមាន ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបដៃរបស់បុរសម្នាក់ ដែលបានប្រតិកម្មដោយសារតែការចាក់សាក់។ អ្នកលេងបណ្តាញសង្គមមួយចំនួនបានសរសេរថា រឿងនេះវាបណ្តាលមកពី បញ្ហាទឹកថ្នាំ ឬអាចមកពីម្ជុលមិនបានសម្អាតត្រឹមត្រូវ ប៉ុន្តែ មានអ្នកខ្លះទៀតសរសេរថា វាបណ្តាលមកពីការបាញ់ឡាស៊ែរលុបស្នាមសាក់។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានបកស្រាយរួចមក ទើបយើងដឹងថា ហេតុអ្វីបានជាការចាក់សាក់មានតម្លៃថ្លៃ គឺដោយសារតែការចាក់ចាក់ចាំបាច់ត្រូវធ្វើដោយមនុស្សដែលមានជំនាញ ទើបរូបសាក់នោះអាចសម្រេចទៅបានដោយសុវត្ថិភាព និងស្រស់ស្អាតតាមការចង់បាន។ ដូច្នេះបើសិនជាមិត្តអ្នកអានមានបំណងចង់ចាក់សាក់ សូមមេត្តាគិតគូរឲ្យបានដិតដល់ ព្រោះថាការចាក់សាក់វាធ្វើឲ្យអ្នកមើលទៅឡូយមែន ប៉ុន្តែវាអាចនឹងប៉ះពាល់ដល់អ្នកនាថ្ងៃអនាគតក៏ថាបាន៕
Comments
Post a Comment